Jump to content

ពុយមីស

ពីវិគីភីឌា
ពុយមីស​ស្ពោត​ខ្លាំង មក​ពី​ភ្នំ​ភ្លើង​Teide នៅ Tenerife , កោះ​ Canary។ ដង់​ស៊ីតេ​របស់​វា​មាន​តំលៃ​ប្រហែល​0.25 g/cm³។
ពុយមីស​ដែល​សំបូរ​នៅ​ឆ្នេរ​ខាង​កើត​ នៃ​ប្រទេស​អូស្ត្រាលី
រូប​បង្ហាញ​ពី​ភាព​ស្ពោត​របស់​ពុយមីស

ពុយមីស ជា​ឈ្មោះ​របស់​ថ្ម​ភ្នំ​ភ្លើង ដែល​ជា​កំអែ​ភ្នំ​ភ្លើង​ដែល​កក​និង​កើត​ពពុះ​ កើត​ឡើង​នៅ​ពេល​ថ្ម​រង​នូវ​កំដៅ​ខ្លាំង​បំផុត និង​រង​សំពាធ​ខ្លាំង​បំផុត ត្រូវ​ផ្ទុះ​ចេញ​មក​ក្រៅ​ដោយ​បន្ទុះ​ភ្នំ​ភ្លើង​។​ កំន​កំនើត​មិន​ធម្មតា​នេះ កើត​ឡើង​ដោយ​សារ​ ការ​ចុះ​ត្រជាក់​ភ្លាម​ៗ​ និង​ ការ​ថយ​សំពាធ​ភ្លាម​ៗ​។​ ការ​ថយ​ចុះ​សំពាធ​ភ្លាម​ៗ​ នាំ​អោយ​កើត​ពពុះ​ ដោយ​សារ​ការ​បន្ថយ​ចំនុច​រំពុះ​នៃ​កំអែ​ភ្នំ​ភ្លើង​ (ដូច​ជា​កកើត​ពពុះ​ នៅ​ពេល​យើង​បើក​ភេសជ្ជៈ​កាបូណាត​)​។ ការ​ចុះ​ត្រជាក់​ដែល​កើត​ឡើង​ព្រម​គ្នា​ ក៏​បង្កក​ពពុះ​ទុក​ក្នុង​កំអែ​នោះ​។ ពុយមីស ផ្សំ​មួយ​ភាគ​ធំ​ពី កែវ​ប្លោក​ៗ​ ពីរ៉ូក្លាស្ទិច ដែល​មាន​ភ្នាស​របស់​ប្លោក​ទាំង​នោះ​ស្តើង ថ្លា កើត​ឡើង​ពី​លំហូរ​ម៉ាក់ម៉ា​ចេញ​មក​ក្រៅ​។​ ជា​ទូទៅ ប្រហែល​ជា​ពាក់​កណ្តាល​ផ្សំ​ពី​ស៊ីលីស (ឧទាហរណ៍​ រីយ៉ូលីទិច ដាស៊ីទិច អង់ដេស៊ីត ប៉ង់តេល្លរីត ផូណូលីត ត្រាស៊ីត) ប៉ុន្តែ​ជាតិ​បាសាល់​ និង​ធាតុ​ផ្សំ​ផ្សេង​ទៀត​ ក៏​មាន​ដែរ​។​ ពុយមីស ច្រើន​តែ​មាន​ពណ៌​ស្លេក មាន​តាំង​ពី​ពណ៌ស ស៊ីជំពូ ខៀវ រឺ​ប្រផេះ​ ទៅ​ដល់​បៃតង​ត្នោត រឺ​ខ្មៅ​។ ពុយមីស​ច្រើន​តែ​កើត​ពី​បន្ទុះ​ភ្នំ​ភ្លើង និង​ កកើត​នៅ​ផ្នែក​ខាង​លើ​នៃ​កំអែ​ស៊ីលីស​។ ពុយមីស​ស្ពោត​ជា​មធ្យម​៩០​ភាគរយ ហើយ​ជា​ដំបូង​អណ្តែត​លើ​ទឹក​។​

ពុយមីស​ទំហំ​១៥សម ស្ថិត​នៅ​លើ​ក្រដាស​២០​ដុល្លារ​អាមេរិច បង្ហាញ​ថា ថ្ម​នេះ​ស្រាល​ណាស់។

ស្កូរីយ៉ា ខុស​ពី​ពុយមីស ត្រង់​ហាប់​ជាង​ មាន​ប្លោក​ធំ​ជាង និង​មាន​ភ្នាស​របស់​ប្លោក​ក្រាស់​ជាង​។​ វា​លិច​ក្នុង​ទឹក​។ ភាព​ខុស​គ្នា បណ្តាល​មក​ពី​វីស្កូស៊ីតេ​ខ្សោយ​របស់​ម៉ាក់ម៉ា ដែល​បង្កើត​ជា​ស្កូរីយ៉ា​។​ នៅ​ពេល​ដែល​មាន​បរិមាណ​ឧស្ម័ន​ច្រើន នោះ​វា​នឹង​កើត​ជា​ពុយមីស​ប្រភេទ​គ្រាប់​ល្មិត មាន​ឈ្មោះ​ថា​ ពុយមីស៊ីត​។ ពុយមីស​ចាត់​ទុក​ជា​កែវ ព្រោះ​វា​គ្មាន​រចនា​សម្ព័ន្ធ​គ្រីស្តាល់​។ ពុយមីស​ មាន​ដង់ស៊ីតេ​ប្រែប្រួល ទៅ​តាម​កំរាស់​របស់​សំភារៈ​សូលីដ នៅ​ចន្លោះ​ពពុះ​នានា​។​ ពុយមីស​ភាគ​ច្រើន​អណ្តែត​លើ​ទឹក​។ ប្លោក​ទាំង​អស់​មាន​ទំរង់​សំខាន់​ពីរ​យ៉ាង​។ ពុយមីស​ភាគ​ច្រើន​មាន​ពពុះ​តូច​ៗ​រាង​ទូប​ ដែល​ប្រៀប​ដូច​ជា​សរសៃ​សូត្រ។ ការ​លូត​វែង​នៃ​ពពុះ​តូច​ៗ​នេះ កើត​មក​ពី​លំហូរ​នៃ​ម៉ាក់ម៉ា​ចេញ​ពី​មាត់​ភ្នំ​ភ្លើង​។​ ពពុះ​ ខ្លះ​ទៀត​មាន​រាង​ស្ទើរ​ស្វ៊ែរ ទៅ​ស្វ៊ែរ ហើយ​កើត​មក​ពី​សំពាធ​ខ្ពស់​នៅ​ពេល​ផ្ទុះ​។


ការប្រើប្រាស់

[កែប្រែ]
ពុយមីស​មក​ពី កូស ប្រទេស​ក្រិច

ពុយមីស ត្រូវ​បាន​គេ​យក​មក​ប្រើ​យ៉ាង​ទូលំ​ទូលាយ ក្នុង​ការ​ផលិត​បេតុង​ស្រាល រឺ​អិដ្ឋ​ស្រាល​។​ នៅ​ពេល​ដែល​គេ​ប្រើ​វា​សំរាប់​ធ្វើ​ជា​គ្រឿង​បន្ថែម​សំរាប់​ស៊ីម៉ង់ត៍​ ប្រភេទ​គ្រាប់​ល្អិត​នៃ​ពុយមីស​ត្រូវ​គេ​យក​មក​លាយ​ជា​មួយ​នឹង​កំបោរ ដើម្បី​បង្កើត​ជា​បេតុង​ស្រាល​ រលោង ដូច​កំបោរ​។​ បេតុង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ប្រើ​តាំង​ពី​សម័យ​រ៉ូម៉ាំង​មក​ម្ល៉េះ​។ វា​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ធ្វើ​ជា​ប្រដាប់​ខាត់ ជា​ពិសេស​សំរាប់​ប៉ូលៀ ប្រដាប់​លុប​ខ្មៅ​ដៃ​ គ្រឿង​ខាត់​ស្បែក និងប្រើ​ក្នុង​ការ​ផលិត​ខោ​ខៅប៊យ​សឹក​។​ ថ្ម​ពុយមីស​ ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ក្នុង​ការ​​កែ​សម្ផស្ស សំរាប់​កំចាត់​ស្បែក​ស្ងួត នៅ​បាត​ជើង​។​ ពុយមីស​ល្អិត​ខ្លាំង​ក៏​ត្រូវ​គេ​យក​មក​បន្ថែម​ក្នុង​ថ្នាំ​ដុស​ធ្មេញ និង ច្រាស​បោក​ខោ​អាវ​ផង​ដែរ​។​